Two associations working in the transport sector are willing to contribute to a better transport sector in Cambodia.

Two associations working in the transport sector are willing to contribute to a better transport sector in Cambodia.

ភ្នំពេញ៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការជួយដោះស្រាយបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ និងធ្វើការបណ្តុះបណ្តាល ដល់សមាជិកនៃសមាគមទាំងពីរ ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានដំណើរការល្អ ជាចំណែកមួយ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ការបង្ហាញពីឆន្ទៈរួមគ្នានេះ បានធ្វើឡើងក្នុងឱកាសដែលសមាគមទាំងពីរ បានធ្វើពិធីចុះអនុស្សារណៈជាមួយគ្នា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងលោក ឆឹម ចំណាន ប្រធានសមាគមនដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានបញ្ជាក់ថា ការចុះអនុស្សារៈនាពេលនេះ គឺចង់បង្ហាញពីការរួបរួមគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសគឺសមាជិករបស់សមាគម។

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងដែរថា ស្ថានភាពនៃការដឹកជញ្ជូនទំនិញ នៅក្នុងស្រុក នាពេលបច្ចុប្បន្ន គឺមានភាពល្អប្រសើរ បើធៀបនឹងឆ្នាំមុន ប៉ុន្តែបើនិយាយពីការដឹកជញ្ជូនទំនិញទៅក្រៅប្រទេសវិញ មិនមានស្ថានភាពល្អប្រសើរនៅឡើយទេ ដោយសារតែវិបត្តិសកល។

លោក ជា ចាន់ដារ៉ា រំពឹងថា នៅចុងឆ្នាំនេះ ជាពេលវេលានៃការដើរកម្សាន្ត ជាពិសេសភ្ញៀវមកពីក្រៅប្រទេស នឹងជួយឱ្យវិស័យដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ ក្នុងស្រុកកាន់តែមានស្ថានភាពល្អប្រសើរថែមទៀត ខណៈកម្ពុជា ក៏ជាប្រទេសមានសក្តានុពលមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ជាពិសេសទេសចរណ៍វប្បធម៌៕
អត្ថបទ៖ សន ពិសិដ្ឋ

 

 

Comments

leave a comment